ឯកសារចំនួន ៤ លោក ឌិត ទីណា កាន់ប៊ិចចុះហត្ថលេខាជាមួយចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

 នៅល្ងាចថ្ងៃពុធ ទី៩វិច្ឆិកានេះ នាវិមានសន្តិភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះអនុស្សារណៈយោគយល់គ្នាជាមួយភាគីចិន ដើម្បីយកមកអភិវឌ្ឍន៍វិស័យកម្មនៅប្រទេសកម្ពុជា និងលក្ខខណ្ឌតម្រូវការនៃការនាំចេញកសិផល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថេលខានេះទទួលគម្រោងចំនួន ៤នេះ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ទី១ អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។ ទី២ កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។

រីឯ ទី៣ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន និងទី៤ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។

យោងតាមទិន្ន័យចេញផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលសរុប២,៤លានតោនទៅប្រទេសចិន ស្មើនឹង ១ ៩៤២លានដុល្លារ។ កសិផលទាំងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

បច្ចុប្បន្ន កម្ពុជា សម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៥មុខហើយទៅកាន់ទីផ្សារចិន ខណៈត្រីប្រា មៀនប៉ៃលិន ទុរេន ម្រេច ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ជាគោលដៅនាំចេញបន្ទាប់។ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនឈានដល់ ៥៩៨៥លានដុល្លារ កើនឡើង ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕