កម្ពុជា-ថៃ បង្ហាញឆន្ទៈរួមគ្នាបន្តថែរក្សាទំនាក់ទំនងមិត្ត​ភា​ព និងកិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិតកងទ័ពជើង​គោ​ក

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងនៃប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្រាប់ទិសដៅទៅមុខ សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR” រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។