លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងត្រូវធ្វើដំណើរមកដល់កម្ពុជា នាថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វត្តមានលើទឹកដីកម្ពុជានេះ លោកប្រធានាធិបតីអាមេរិក នឹងប្រើប្រាស់រថយន្តផ្ទាល់ខ្លួន The US Presidential Cadillac ឬហៅថា “The Beast”។
បើតាមសារព័ត៌មាន Spyscape បានបង្ហាញឱ្យដឹងត្រួសៗពីលក្ខណៈពិសេសនៃរថយន្ត The Beast របស់ប្រធានាធិបតីទី៤៦ របស់អាមេរិក ចូ បៃដិន ថារថយន្តនេះ មានតម្លៃប្រហែលប្រមាណ ១,៥លានដុល្លារ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត GM បានចំណាយថវិកាអស់ប្រមាណ ១៥លានដុល្លារ ក្នុងការស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព (Update) រៀងរាល់ពីរបីឆ្នាំម្តង។ ទោះមិនថ្លៃខ្លាំង តែវាមានលក្ខណៈពិសេសលើសពីតម្លៃ សម្រាប់ជួយការពារសុវត្ថិភាពមេដឹកនាំកំពូលរបស់ពិភពលោក។
ដោយផ្អែកលើគោលការណ៍សុវត្ថិភាពជាកំហិត ព័ត៌មានលម្អិតអំពី The Beast គឺពុំមាននរណាអាចដឹងលម្អិតច្បាស់លាស់ឡើយ គ្រាន់តែយើងអាចដឹងថា វាមានលក្ខណៈពិសេស ៥យ៉ាងរួមមាន៖
១. វាជាប្រភេទរថយន្ត Cadillac One ប៉ុន្តែវាមិនដូចគេទាំងស្រុងនោះទេ ដោយមានលក្ខណៈដូចគ្នាតិចតួចបំផុត ទៅលើម៉ាស៊ីន និងតួខ្លួន ចំណែកគ្រឿងផ្សំដូចជាកន្ទុយ ចង្កៀង និងការរចនាម៉ូដខាងក្រោមផ្នែកខាងមុខ គឺខុសគេទាំងស្រុង។ The Beast មានទម្ងន់ជាង ៩តោន ដោយមានកម្រាស់ដែកក្រាស់ៗសម្រាប់ការពារសន្តិសុខ ហើយកញ្ចក់របស់វា អាចការពារពីការទម្លុះរបស់គ្រាប់កាំភ្លើងបាន ការពារគ្រប់វត្ថុទាំងឡាយដែលនឹងមកក្បែរវា ដើម្បីការពារពីការផ្ទុះ នៅពេលមានការបំបុកដោយផ្ទាល់។
២. វាមានភ្ជាប់សេវាជាមួយយន្តហោះប្រភេទ C17 Global Master (US Air Force) ដែលអាចដឹកជញ្ជូន The Beast, Cadillac One និងរថពាសដែក ដោយភ្ជាប់នឹងផ្កាយរណបយោធា។
៣. The Beast ប្រៀបដូចនឹងរថពាសដែកដែរ ដោយមានស្រោបដែក ៨អ៊ីញ និងបង្អួចការពារគ្រាប់កាំភ្លើងកម្រាស់ ៥អ៊ីញ, សម្បកកង់ប្រភេទយក្សយីហោ Good Year ដែលអាចរត់រាបស្មើ មិនមានភាពរលាក់ ឬរំញ័រឡើយ។ កាបីន ផ្សារភ្ជាប់ពីប្រភពខាងក្រៅ ដើម្បីការពារពីការវាយប្រហារដោយសារធាតុគីមី និងពពុះពិសេសជុំវិញធុងប្រេង ក្នុងករណីមានផលប៉ះពាល់។ The Beast អាចជាន់បានល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ១៥វិនាទី។
៤. បំពាក់ដោយឧបករណ៍ពិសេស៖ ឧបករណ៍ពន្លត់អគ្គីភ័យ ធុងអុកស៊ីសែន កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក ឧបករណ៍បាញ់គ្រាប់បែកដៃ និងឧបករណ៍ការពារសុវត្ថិភាពជាច្រើន។
៥. អ្នកបើកបរ៖ មិនត្រឹមតែអ្នកបើកបរទេ តែត្រូវរក្សាការសម្ងាត់គ្រប់យ៉ាង និងមានសមត្ថភាពអាចបើកបរបង្វិលខ្លួនរថយន្ត ១៨០ដឺក្រេបាន នៅពេលមានអាសន្ន និងចេះសមយុទ្ធ វិធីសាស្ត្រ គេចពីខ្មាន់កាំភ្លើងយ៉ាងឆាប់រហ័សផងដែរ។
សូមជម្រាបជូនថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹង តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថាសហរដ្ឋអាមេរិក បានដឹករថយន្ត (The Beast) មកដល់ប្រទេសកម្ពុជាហើយ និងសម្ភារៈមួយចំនួន សម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបន្តថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតី មកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ សម្តេចតេជោបានថ្លែងថា ដោយឡែក សម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។