លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅទស្សនាប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអមដំណើរដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កម្មវិធីទស្សនាកិច្ចនៅលើទឹកដីខេត្តសៀមរាបនេះ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានចូលរួមពិធីប្រគល់-ទទួល នូវជំនួយរដ្ឋាភិបាលចិនអំពីគម្រោងស្ថាបនាឡើងវិញ ជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរផងដែរ។

សូមជម្រាបជូនថា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលជិតមួយសប្តាហ៍ ដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥ និងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ ចាប់ពីថ្ងៃទី០៨ ខែដល់ថ្ងៃទី១៣ ខែវិច្ឆិកា៕





