នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានថ្លែងថា៖ «ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ។ លោកមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ ហើយសម្តែងនូវការរីករាយជាខ្លាំងដែលឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស»។
ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី៩វិច្ឆិកាម្សិលមិញ លោក លី ខឺឈាង បានអះអាងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តី ទោះបីជាយ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន ទី១ទឹកប្រាក់ចំនួន ២០០លានយ័ន្តសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ។
ថ្លែងក្នុងឪកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងសម្តែងនូវអំណរគុណចំពោះ លោក លី ខឺជាង និងប្រតិភូចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនឹងនោះ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ជួយកម្ពុជាឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីចិន ដែលកន្លងមកធ្វើជាបង្អែកផ្តល់វ៉ាក់សាំង ធ្វើឱ្យកម្ពុជា បានឆ្លងផុតអំពីការរីករាលដាលជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ។ សម្តេចតេជោ ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍដ៏ធំធេងរបស់បក្សកុម្មុយនីស្តចិន និងជូនពរមិត្តចិនឱ្យសម្រេចបានការកសាង និងអភិវឌ្ឍជាច្រើនថែមទៀត ជាពិសេសឈានទៅសម្រេចគោលដៅ១០០ឆ្នាំ លើកទី២ ក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើប។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរផងដែរ នូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងភាពជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សម្តេចបានជូនពរឱ្យប្រតិភូចិន ជាពិសេស ឯកឧត្តម លី ខឺឈាង ទទួលបានជោគជ័យ ក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ៕