ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ កាលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅអាស៊ានក៏ដូចជា ធ្វើឲ្យកាន់តែទូលំទូលាយថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ គូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់ អាស៊ាន ដោយយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់របស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូចជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញចំណាប់អារម្មណ៍ថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្ដគួរឲ្យកត់សម្គាល់, ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភូមិសាស្ត្រនយោបាយ។
បន្ថែមលើនេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ អះអាង អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាបច្ចុប្បន្នផងដែរ៕
