រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើងតាម រយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម។ទន្ទឹមគ្នានេះ សម្តេចតេជោ អះអាងថា ក្នុងកិច្ចប្រជុំអាស៊ាននេះ យើងនឹងអនុម័ត ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាពអាស៊ាន។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្តេចតេជោ បន្តថា បន្ទាប់ពីរងផលប៉ះពាល់ពីបញ្ហានៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតែមានភាពផុយស្រួយ និងមានការបែកខ្ញែកគ្នានៅឡើយ ។
ជាមួយគ្នានេះ សម្តេចេជោបន្តថា ៖«ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស ។ ក្នុងន័យនេះ ខ្ញុំមានជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោល បំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន»។
សម្តេចតេជោបញ្ជាក់ទៀតថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត ។ ហេតុនេះ ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផល ដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់ យើងនាឆ្នាំតទៅមុខ៕