គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ សា្ថនភាពសន្តិសុខ សណ្តាប់ធា្នប់នៃដំណើរកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺបានប្រព្រឹត្តទៅជាធម្មតា គ្មានហេតុការណ៍អ្វីកើតឡើងគួរកត់សម្គាល់រំខានដល់កិច្ចប្រជុំនោះឡើយ ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បន្តថា សា្ថនភាពសន្តិសុខ សណ្តាប់ធា្នប់នៃដំណើរកិច្ចប្រជុំអាស៊ានបានប្រព្រឹត្តទៅជាធម្មតា ដោយសារមានកិច្ចសហការពីកម្លាំងចម្រុះគ្រប់អង្គភាពទាំងអស់ ។ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុបប្រមាណជាង២ពាន់នាក់ ដោយបែងចែកតួនាទីទទួលខុសត្រូវតាមគោលដៅសំខាន់ៗ ទាំងកងកម្លាំងអន្តរាគមន៍ កម្លាំងសម្រួលចរាចរណ៍ និងកងកម្លាំងពន្លត់អគ្គីភ័យជាដើម។
ជាមួយគ្នានេះ តាមផ្លូវសំខាន់ៗ ដែលគណៈប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហព័ន្ធរុស្ស៊ី អាជ្ញារបានតម្រូវឪ្យផ្អាកដំណើរការជាបណ្តោះអាសន្ន ចំពោះស្ថានីយប្រេងឥន្ធនៈ ទីតាំងលក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗ និងចតរថយន្តតាមចិញ្ចើមផ្លូវជាដើម។ រីឯលើផ្ទៃទន្លេក្បែរនឹងទីតាំងកិច្ចប្រជុំ ក៏មានការហាមឃាត់ កប៉ាល់ កាណូតទេសចរណ៍ឬទូកនេសាទ មិនឱ្យបើកបរឆ្លងកាត់ផងដែរ។

ដោយឡែក ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ អាជ្ញាធររាជធានីភ្នំពេញ ក៏មិនអនុញ្ញាតដែរចំពោះ ការប្រមូលផ្តុំណាមួយ នៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ ក្បួនប្រតិភូឆ្លងកាត់ ក៏ដូចជាការតវ៉ាផ្សេងៗ ។
គួរបញ្ជាក់ថា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំនេះ កម្ពុជាបានប្រើប្រាស់ កងកម្លាំង ត្រៀមប្រមាណ ជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកង យោធពលខេមរភូមិន្ទ។ កងកម្លាំងទាំងអស់បានឆ្លងការបណ្តុះបណ្តាល បំប៉នលើ បច្ចេកទេសការពារផ្ទាល់ បច្ចេកទេសក្បួនហែរហមការពារគណៈប្រតិភូ ទំនាក់ទំនង កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងបំពាក់សម្ភារ មធ្យោបាយ ដោយមានបំពាក់នូវបច្ចេក ទំនើបផងដែរ៕

