សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។
ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ កាលថ្ងៃទី១០ ខែ វិច្ឆិកា សម្តេច ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ។
ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនៅក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្ញុំបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្ដើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕