រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២នេះ បានបង្កើតរបាំថ្មីមួយ ឈ្មោះថា “របាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន” (Opening Ceremony) សម្រាប់បង្ហាញក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខថ្នាក់ដឹកនាំអាស៊ាន នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។

លោក គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ការបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១១ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចូលរួមជាអធិបតីនៅក្នុងពិធីបើក គឺមានការសម្តែងសិល្បៈមួយ ដែលហៅថា Opening Ceremony ដែលក្រសួងបានរៀបចំរបាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ជាពិសេស ហើយនឹងច្រៀងគោរពទង់អាស៊ាន។

លោកបានបន្តថា៖ “នៅពេលពិធីបើកទទួលស្វាគមន៍កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រសួងបានបង្កើតរបាំថ្មីមួយ មានឈ្មោះថារបាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ អរូបិយនៃមនុស្សជាតិរបស់ប្រទេសកម្ពុជា។ ហើយយើងរៀបចំទង់ប្រទេសដែលចូលរួមទាំងប៉ុន្មាន របាំហ្នឹងយើងអមដោយទង់ អ្នករបាំកាន់ទង់ទាំងនោះរាំ ហើយខាងក្រោយយើងមានបញ្ចាំង LED គឺជារូបបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់យើង ហើយដាក់បញ្ចូលមកជារបាំមួយ ដែលយើងបង្កើតថ្មី ខុសពីកាលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស គឺយើងបង្កើតថ្មីមួយទៀតមិនយកដដែលទេ”។

សូមជម្រាបជូនថា ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ ត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ព្រោះជាខួបអនុស្សាវរីយ៍ ៥៥ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគមផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជំនឿថា ការជួបប្រជុំគ្នានៅថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ស្របជាមួយនឹងមូលបទឆ្នាំនេះ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”៕


