ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាស៊ានថែរក្សាចំនុចអាទិភាពចំនួន៣ ដើម្បីធានាឱ្យតំបន់អាស៊ានមានចីរភាព។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ បានលើកឡើងបន្តថា៖ «ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ ព្រោះថាទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ ហេតុនេះ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗដែលយើងបានកសាងកន្លងមក ហើយខ្ញុំជឿជាក់ថា បាវចនា «អាស៊ាន ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ»។

សម្តេចតេជោបន្តថា ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមគំហែងរបស់ជំងឺកូវីដ-១៩ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច។
យ៉ាងណាមិញ នាឱកាសនោះដែរ សម្តេចតេជោ ក៏បានអំពាវនាវឱ្យអាស៊ានចូលរួមថែរក្សាចំនុចអាទិភាពធំចំនួន៣ គឺ ឯកភាព សាមគ្គីភាព និងមជ្ឈភាព ដែលជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់អាស៊ាន មានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត បើទោះជាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយក្តី៕

