នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ គេបានប្រទះឃើញរថយន្តប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ឈ្មោះថា “The Beast” ចំនួន២គ្រឿង បានចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១)រាជធានីភ្នំពេញ គឺស្ថានីយប្រេងឥន្ធនៈ សូគីមិច របស់អ្នកឧកញ៉ា សុខ គង់ និងជាម្ចាស់សណ្ឋាគារ សុខា។

រថយន្ត The Beast ជាប្រភេទរថយន្ត Cadillac One ដែលមានទម្ងន់ជិត ១០តោន ដោយមានកម្រាស់ដែកក្រាស់ៗសម្រាប់ការពារសន្តិសុខ ហើយកញ្ចក់របស់វា អាចការពារពីការទម្លុះរបស់គ្រាប់កាំភ្លើងបាន ការពារគ្រប់វត្ថុទាំងឡាយដែលនឹងមកក្បែរវា ដើម្បីការពារពីការផ្ទុះ នៅពេលមានការបំបុកដោយផ្ទាល់។ រថយន្តទំនើប ដើម្បីការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពិភពលោកនេះ គឺមាន២គ្រឿងដូចគ្នាទាំងស្រុង សម្រាប់ប្រធានាធិបតីអាមេរិកប្រើប្រាស់ផ្ទាល់មួយគ្រឿង និងមួយគ្រឿងទៀត បើកបន្តបន្ទាប់គ្នា ដើម្បីជាការបញ្ឆោត ជៀសវាងការវាយប្រហារផ្សេងៗ។

សូមជម្រាបជូនថា បើគ្មានការប្រែប្រួលទេ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអញ្ជើញធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ស្អែកនេះ ហើយលោកនឹងប្រើប្រាស់រថយន្ត The Beast ជាមួយនឹងក្បួនការពារជាច្រើន ដើម្បីធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារ សុខា ភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា មុននឹងលោកចាកចេញពីប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា៕

______________
រូបថត៖ Heng Aroma