ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ ពិសេសតំបន់ជាក្រុង ដោយសារតែសមត្ថភាពនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃបានត្រឹម៦០ម៉ឺនម៉ែត្រគូប តែតម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០។
បើតាមសេចក្តីប្រកាស បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកមានរោងចក្រផលិតទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែង ជាមួយនឹងការលូតរាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើមានការខ្វះខាតទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។
រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣៕