សម្តេច ហ៊ុន សែន និងលោក លី​ ខឺឈាង ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ចិន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) នារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ នៅសណ្ឋាគារ សុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលអាស៊ាន-ចិន នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ខណៈទេសមីយ៉ាន់ម៉ា អវត្តមានដោយមិនមានតំណាងចូលរួមនោះឡើយ។

ចិន បានក្លាយជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ ជាមួយគ្នានេះ អាស៊ាន-ចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។

គួររម្លឹកថា ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ ៥៤៤.៩ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ស្របពេលចិន គឺជាដៃគូរវិនិយោគដ៏ធំជាងគេបំផុតរបស់អាស៊ានប្រមាណ ១៣ឆ្នាំជាប់គ្នាៗរួចមកហើយ៕