កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្ដម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃ ក្នុងគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំនិងកាន់តែរីកចម្រើន។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់តួនាទីលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា គម្រោងការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃនៅតាមព្រំដែនរួមមាន៖ ១.គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០% ។ ២.គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ។ ៣.គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូស ប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុង ការស្ថាបនា។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ក៏បានបង្ហាញទស្សនៈ យល់ស្រប និងបានបញ្ជាក់ថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។
សូមជម្រាបជូនផងដែរថា នៅទីបញ្ចប់ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាឱ្យសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗទោះស្ថិតក្នុងបរិបទបែបណាក៏ដោយ និងបានប្តេជ្ញាខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕