ក្នុងសេចក្ដីប្រកាសរួម ត្រង់ចំណុចទី២ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ភាគីចិន ដែលមាន ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាតំណាង បានបញ្ជាក់សារជាថ្មីពីការគោរព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។

ឯកឧត្ដម លី ខឺឈាង បានសង្កត់ធ្ងន់ថា ភាគីចិនប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័គ្រ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តសម្ដេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាជន ក្រោមម្លប់របស់ព្រះមហាក្សត្រ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំង២ បានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានឯកភាព កំណត់យក ឆ្នាំ២០២៣ ជា “ឆ្នាំមិត្តភាពកម្ពុជា–ចិន” ហើយនឹងរួមគ្នាប្រារព្វពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាង ប្រជាជនទាំងពីរផងដែរ៕