បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ២ រួចមកហើយ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគមួយបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៥,៣ លានដុល្លារអាមេរិក និង បង្កើតការងារបានចំនួនប្រមាណ ១ ៧៨៦ កន្លែងបន្ថែមទៀត ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាពេលថ្មីៗនេះ បានបញ្ជាក់ពីគម្រោងវិនិយោគមួយបន្ថែមទៀតរបស់ក្រុមហ៊ុននោះគឺ គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន RUNSING KNITERNATIONAL CO, LTD មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១១០ អគារលេខ ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៨៦ កន្លែង។
គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគ ២ដែលបានចេញវិញ្ញាបនបត្រចុះបញ្ជីរួចរាល់ហើយនោះរួមមាន៖ ១.“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ ប្រមាណ ៨.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។ ២.“KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង ស្ថិត នៅផ្លូវជាតិលេខ ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
គួររម្លឹកបន្តិចថា នៅក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក៕