ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២នេះ គេសង្កេតឃើញថា មេដឹកនាំប្រទេសភាគច្រើន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ មុនការប្រជុំចាប់ផ្តើមជាច្រើនម៉ោង ឬមកមួយថ្ងៃពីរថ្ងៃមុន ប៉ុន្តែសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងវិញ បានចុះពីលើយន្តហោះភ្លាម គឺធ្វើដំណើរឆ្ពោះទៅសណ្ឋាគារ សុខា ភ្នំពេញ តែម្តង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៣។

លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល (Yoon Suk-yeol) និងជំទាវទី ១ បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០១៖១០នាទីរសៀល ដោយប្រើប្រាស់រថយន្តក្នុងក្បួនដំណើរសុទ្ធតែសេរីទំនើប ហើយក្នុងចំណោមនោះ លោកបានប្រើរថយន្ត Cadillac Escalade ដើម្បីធ្វើដំណើរមកកាន់សណ្ឋាគារ សុខា ភ្នំពេញ តែម្តង និងបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ (23rd ASEAN – Republic of Korea Summit) នៅវេលាម៉ោង ៣:២០នាទី។

គួរបញ្ជាក់ថា តាមកម្មវិធីគ្រោងទុក បន្ទាប់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល និងលោកជំទាវទី១ នឹងត្រូវធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕



