ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងត្រូវជាកូនប្រុសពៅ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារ បង្ហាញអត្ថន័យដ៏ជ្រាលជ្រៅចំនួន ៥ចំណុច ខណៈកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ អត្ថន័យ ដែលឯកឧត្តម ហ៊ុន ម៉ានី ចង់រំលេចឡើងនោះ រួមមាន៖


* ទី១៖ កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា
* ទី២៖ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានាជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល
* ទី៣៖ កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក
* ទី៤៖ កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ
* ទី៥៖ កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»។
ទន្ទឹមនឹងខ្លឹមសារ ដែលបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅទាំង ៥ចំណុចខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហោះព្រមគ្នាជាមួយរូបភាពចំនួន ៣សន្លឹក ដែលបង្ហាញពីវត្តមានមេដឹកនាំអាស៊ាន ដែលបានយាង/អញ្ជើញ ចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង កាលពីថ្ងៃទី១០ វិច្ឆិកា នេះផងដែរ។


គិតមកទល់ ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេន ដោយលើកទី១ កាលពីឆ្នាំ២០០២, លើកទី២ កាលពីឆ្នាំ២០១២។ ដោយឡែក កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននឹងកំពុងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ទី១៣ ខែវិច្ឆិកា ដែលមានរបៀបវារៈសំខាន់ៗ ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕