គម្រោង «មជ្ឈមណ្ឌលភស្ដុភារកម្មពហុបំណងភ្នំពេញ» ¬-MUlTI-MODAl PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងពង្រឹងសេដ្ឋកិច្ចកម្ពុជាត្រូវបានដាក់បង្ហាញជាផ្លូវការក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះនៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។

ការរៀបចំដាក់បង្ហាញគម្រោងជាផ្លូវការនេះមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។

កម្មវិធីនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់ លោកបណ្ឌិត Robert Yap អគ្គនាយកប្រតិបត្តិក្រុមហ៊ុន YCH Group អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ក៏ដូចជាថ្នាក់ដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ក្នុងអង្គពិធីនោះថា៖ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ (PPLC) ត្រូវបានចាត់ជាអាទិភាពទៅក្នុងផែនការមេថ្នាក់ជាតិលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២២-២០៣០ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចវិជ្ជមានជាច្រើនរួមមាន៖ ១)ចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-សិង្ហបុរី ២)ការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការគាំទ្រការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ (PPLC) ៣)ការជំរុញលើកចិត្តការវិនិយោគរវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក និង ៤) ការពង្រឹងការតភ្ជាប់លើវិស័យដឹកជញ្ជូន និងភស្តុភារកម្មក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS)អាស៊ាន និងពិភពលោកផងដែរ។

នៅក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា៖ ដោយសារប្រទេសកម្ពុជាមានទីតាំងជាយុទ្ធសាស្ត្រ និងមានមុខងារជាមជ្ឈមណ្ឌលស្រូបទាញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងក្លាយជាមជ្ឈមណ្ឌលសម្រាប់បម្រើសេវាកម្មដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិជូនដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ជាង១៦លាននាក់នៅក្នុងប្រទេសកម្ពុជា និងជាង៦៨០លាននាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយឡែក លោកបណ្ឌិត Vivian Balakrishnan បានលើកឡើងថា៖ ប្រទេសសិង្ហបុរីកំពុងមានឆន្ទៈយ៉ាងមុតមាំសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជាលើគម្រោងនានាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនាពេលអនាគត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរដែលមានរយៈពេល៥៧ឆ្នាំហើយនៅក្នុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ឱ្យដឹងបន្ថែមថា៖ YCH Group គឺជាក្រុមហ៊ុនឈានមុខគេរបស់សិង្ហបុរី ផ្តល់នូវដំណោះស្រាយខ្សែសង្វាក់ ការផ្គត់ផ្គង់ជាចង្កោមតាំងពីការចាប់ផ្តើមដល់ចុងបញ្ចប់។ ក្រុមហ៊ុននេះក៏ជាដៃគូនឹងក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោក ជាង១០០ទីក្រុងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន YCH Group ត្រូវបានទទួលស្គាល់សម្រាប់វិធីសាស្រ្ត 7PL™ របស់ខ្លួន ក្នុងការរួមបញ្ចូលនូវយុទ្ធសាស្រ្តខ្សែសង្វាក់ការផ្គត់ផ្គង់ជាមួយនឹងការប្រតិបត្តិយ៉ាងរលូនជូនដល់អតិថិជន និងក្រុមហ៊ុនដៃគូ៕




