កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ បានប្រព្រឹត្តទៅកាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ពីអគ្គលេខាធិការអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៨ផ្សេងទៀត ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។
បើតាមលោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន និងចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបី រួមមាន សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន នៃខួបលើកទី២០នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការពង្រឹងការអភិវឌ្ឍន៍រួមនិងប្រកបដោយចីរភាព និងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង។
លោក គង់ ភោគ បានបន្តថា ថ្នាក់ដឹកនាំអាស៊ាន-ចិន បានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
លោក គង់ ភោគ ក៏បានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់និងស្វាគមន៍ចំពោះការផ្តួចផ្តើមគំនិតថ្មីៗដែលនឹងរួមចំណែកអនុវត្តឲ្យបានពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ឆ្នាំ២០២១-២០២៥ និងសម្រេចឲ្យបាននូវរាល់គោលដៅទាំងអស់នៃកិច្ចព្រមព្រៀងមួយនេះ។
គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ ក្នុងរយៈពេល ៣១ឆ្នាំកន្លងមកនេះចិនបានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ានហើយវិនិយោគក៏មានច្រើនជាងគេដែរ ។ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២៕