នៅក្នុងជំនួបពិភាក្សាការងារ កាលពីល្ងាចសុក្រ ទី១១ ខែវិច្ឆិកា ស្ថិតក្នុងសណ្ឋាគារ សុខាភ្នំពេញ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB សម្ដែងនូវការអបអរសាទរកម្ពុជា ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ, បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ឆ្នាំនេះ។

លោកបានគូសបញ្ជាក់ប្រាប់សម្ដេចតេជោ ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ីនិងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយគៀងគរថវិកាជួយគៀងគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យាដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតង ផងដែរ។

ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ។
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន៣២៩,៨លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១៕