មន្ត្រីជំនាញក្រសួងសាធារណការចុះត្រួតពិនិត្យស្ទង់ដារសុខភាពផ្លូវជាតិលេខ ៣៣ ជាប់ ខ្លាចខុសបច្ចេកទេស

សង្គម​ និង​សេដ្ឋកិច្ច

ដោយមើលឃើញពីបញ្ហាខូចខាតហេដ្ឋារចនាសម្ព័ន្ធមានការខ្វះចន្លោះ និងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផ្លូវថ្នល់ឱ្យមានសោភ័ណត្រូវតាមស្ទង់ដារ លោកសង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្តគម្រោង Project Implementation Unit (PIU)បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់នៃគម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)កាលពីម្សិលមិញ ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការចុះពិនិត្យមើលការខុសត្រូវដោយផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងសិក្សា វាយតម្លៃលើការងារបច្ចេកទេសសាងសង់សម្រាប់គម្រោងលើកកម្ពស់កម្រិតគុណភាព និងធានាឱ្យការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ ហើយការស្ថាបនាផ្លូវថ្នល់ជាតិនេះ គឺចាប់ពីផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត ផ្លូវជាតិលេខ៣ (ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។

សូមបញ្ជាក់ជូនថា៖ គម្រោងខាងលើនេះ លើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ជាគម្រោងគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានរបស់ប្រទេសចិន សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកឈូ ស្រុកកំពង់ត្រាច ក្រុងកំពតនៃខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ក្រុងកែបនៃខេត្តកែប៕