ផលិតផលខ្មែរនៃសហគមន៍ពីតំបន់នានានៃកម្ពុជាជាច្រើនមុខ បានរៀបចំដាក់តាំងជូនមេដឹកនាំ និងភ្ញៀវអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

ផលិតផលក្នុងស្រុកប្រមាណ ២៥ ក្រុមហ៊ុន ដែលបានដាក់តាំងពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ចាប់តាំងពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានប្រមាណ ២៦ ស្តង់ ដែលសុទ្ធតែផលិតផលខ្មែរ ប្រកបដោយគុណភាព។
កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា ខ្មុកល្ខោនខោល រូបចម្លាក់ដែលធ្វើពីកំទេចឈើ គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ កាបូប ហូល ក្រមា គ្រឿងអលង្ការ សម្លៀកបំពាក់ ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ដែលផលិតឡើងដោយដៃពីប្រជាជននៅតាមសហគមន៍។ ចំណែកផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង និង ផលិតផលជាច្រើនទៀត។ លើសពីនេះក៏មានការតាំងនូវប្រវត្តិរូបិយវត្ថុកម្ពុជា ផងដែរ ជាពិសេសការរចនាតុពិព័រណ៍ មានការអមនឹងសញ្ញាតំណាងអាស៊ាន ជាមួយនឹងរូបផ្ការំដួលដែលជាផ្កាតំណាងអត្តសញ្ញាណជាតិរបស់កម្ពុជា។
គួររម្លឹកផងដែរថា ការដាក់តាំងពិព័រណ៍នេះមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងការបើកកិច្ចប្រជុំអាស៊ានពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅសណ្ឋាគារ សុខា ភ្នំពេញ៕




