សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់មក សម្តេចតេជោ ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

គួរបញ្ជាក់ថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន កាលពីព្រឹកថ្ងៃទី០៨ ហើយតាមកម្មវិធីគ្រោងទុក សម្តេចនឹងថ្លែងសន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ថ្ងៃស្អែកនេះ៕

