ដំណើរមកដល់របស់លោកប្រធានាធិបតីទី៤៦ របស់អាមេរិក បានធ្វើឱ្យកម្លាំងសមត្ថកិច្ចបិទចរាចរណ៍ទាំងស្រុង នៅលើកំណត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សណ្ឋាគារលំដាប់ផ្កាយ ៥ មួយកន្លែង តាំងពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ០៩:៣០នាទីព្រឹក ដើម្បីការពារសុវត្ថិភាព និងក្បួនធ្វើដំណើររបស់លោក។
នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្មានម៉ោងក្រោយចុះពីលើយន្តហោះ ជិះរថយន្តប្រណិតការពារគ្រប់ឧបសគ្គ ចេញពីព្រលានយន្តហោះ ចូលសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ដែលជាកន្លែងសម្រាកស្នាក់នៅ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និង កំពូលអាស៊ាន-អាស៊ីបូព៌ា។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំប្រទេសអាស៊ាន ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ ជាមួយគ្នានេះ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំហើយ។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក និងអាស៊ាន ទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មនិងពាណិជ្ជកម្មដ៏ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ប្រតិបត្តិការក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ អ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍៕