កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១៧ នៅសណ្ឋាគារសុខាភ្នំពេញ ។ កិច្ចប្រជុំនេះបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំបណ្តាប្រទេសក្នុងអាស៊ាន ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា អគ្គលេខាធិការអាស៊ាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃផងដែរ។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ កំពុងដើរតួជាវេទិកាសន្ទនា ក្នុងកម្រិតយុទ្ធសាស្រ្ដដ៏សំខាន់ នៅក្នុងចំណោមវេទិកាពហុភាគីធំៗ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីបូព៌ាទាំងមូល និងតំបន់ពាក់ព័ន្ធដទៃទៀត ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ជាក់ស្តែងបញ្ហា និងភាពតានតឹងជាច្រើន ដែលសកល លោកកំពុងតែប្រឈម កំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងដ៏លំបាកកន្លង ក្នុងការជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព និងបានបង្កទុក្ខលំបាកជាអនេក ដល់ការរស់នៅរបស់ប្រជាជន ។ ហើយនេះក៏ជាសារ ដាស់តឿនមួយ សម្រាប់ភាគីទាំងអស់ត្រូវរួបរួមគ្នាក្នុងការថែរក្សាផលប្រយោជន៍រួម ដើម្បីកសាង អនាគត ដ៏ត្រចះត្រចង់សម្រាប់អ្នកជំនាន់ក្រោយ និងត្រូវធានាឱ្យបានថា កិច្ចសហប្រតិបត្តិការរឹងមាំ ជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានជ្រើសរើស មូលបទសម្រាប់ឆ្នាំនេះ គឺ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។ នេះគឺជា បំណងប្រាថ្នា ដើម្បីបំផុសស្មារតី «ការរួបរួមគ្នា» ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងអាស៊ីបូព៌ាទាំងមូល សំដៅជំរុញការប្រកាន់ខ្ជាប់នូវស្មារតីពហុភាគីនិយម ដែលបើកចំហ និងប្រកបដោយបរិយាបន្ន ភាពជាក់ស្តែងនិយម និងការគោរពគ្នាទៅវិញទៅមក នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលគំរាមមកលើអត្ថិភាព និងភាពជាយុទ្ធសាស្រ្ត។ ហើយនេះក៏ជាសេចក្តីប្រាថ្នារបស់អាស៊ាននៅក្នុង ការពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ក៏ដូចជាគោលការណ៍ពាក់ព័ន្ធនានា ដែលលើកកម្ពស់សន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិក អាស៊ានទាំង ១០ ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ អូស្ត្រាលី កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក៕