សម្តេច ហ៊ុន សែន នឹងទៅចូលរួមប្រជុំកំពូល G20 នៅកោះបាលី ដែលមានលោក ស៊ី ជិនពីង, ចូ បៃឌិន, វ្លាឌីមៀ ពូទីន…

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 តបការអញ្ជើញពីប្រធានាធិបតី លោក ចូកូ វីដូដូ ជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២ ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នោក្នុងឪកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់ នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។

ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយលោកប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។

ក្រៅពីចូលរួមកិច្ចប្រជុំកំពូល G20 ហើយ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរបេសកកម្មការងារទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC វិញ ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ។

ទន្ទឹមនឹងនោះ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»៕