បន្ទាប់ពីយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញនេះ ហើយនៅព្រឹកថ្ងៃចន្ទនេះ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ នាវិមានសន្តិភាព។
នៅក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ ព្រះអង្គទ្រង់បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។
គួររម្លឹកថា របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣% ទៅកាន់ទីផ្សារទិសដៅចំនួន ៥៣ ប្រទេស។ ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ដដែល ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។
ក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ ក៏បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និងយ៉ាងជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានគោរពថ្លែងអំណរគុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានយាង និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកម្ពុជា-ប្រ៊ុយណេ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។
សូមជម្រាបជូនបន្តិចថា រយៈពេល៦ខែកន្លងទៅ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងទំហំទឹកប្រាក់ ៨,៦២៤ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសព្រុយណេ ឈរលំដាប់លេខទី ៩ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ១១,៣២លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៥,៨២លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ៥,៥០លានដុល្លារ៕