សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

តាមរយៈបណ្តាញសង្គមតេឡក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 សម្តេចនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី សម្តេចនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះ។
ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel MACRON នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ៕
