ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជសារជូនពរ និងកោតសរសើរពីវីរភាព និងភារកិច្ចជាអគ្គមគ្គុទេ្ទសន៍ឆ្នើមដឹកនាំកម្ពុជាឱ្យមានសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។ ព្រះរាជសារព្រះមហាក្សត្រ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ប៉ុន្មានម៉ោងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
តាមព្រះរាជសាររបស់ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យកោតសរសើរសម្តេចតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ ព្រះរាជសារក៏បានរំលេចផងដែរ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូរវេន ហើយសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បាននាំមកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
នៅក្នុងព្រះរាជសារដដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសូមប្រសិទ្ធពរ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទសបារមី និងវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្ដេចតេជោ ឱ្យឆាប់ជាសះស្បើយពីរោគា និងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ទិឃាយុយឺនយូរដើម្បីបំពេញភារកិច្ចបម្រើ ជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ ជាបន្តទៀត។
សូមជម្រាបថា បន្ទាប់ពីតេស្តរកឃើញមេរោគកូវីដ១៩ មុនចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី និងកិច្ចប្រជុំ APEC នៅក្រុងបាងក ប្រទេសថៃ នាយប់ថ្ងៃទី១៥វិច្ឆិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយដែរ៕