លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគ នៅកម្ពុជាកាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជីភែកឃិជីង នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បន្តថា កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកប ដោយភាព ជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់ វិនិយោគិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាព អំណោយផល តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការ ស្រូបយក វិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធ ឧស្សាហកម្មរបស់កម្ពុជា ផងដែរ។
លោក ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់ លើហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម ៕