ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យអ្នកលេងបណ្ដាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ ក្រសួងថានឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។
សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញ ក្រសួងកសិកម្ម បានបញ្ជាក់ថា បន្ទាប់ពីក្រសួងបានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ក៏បានសម្រេចចាត់បញ្ចូនក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង ដើម្បីអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
បើតាមក្រសួងកសិកម្ម ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។
ក្រសួងបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន៕