លោក គី វិសុទ្ធសម្បត្តិ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈជា «អគ្គលេខាធិការ» នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឋានៈស្មើ «រដ្ឋលេខាធិការ» កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គី វិសុទ្ធសម្បត្តិ ត្រូវបានគេដឹងថា លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វករហេដ្ឋារចនាសម្ព័ន្ធ និងថ្នាក់បណ្ឌិត ផ្នែកវិស្វករហេដ្ឋារចនាសម្ព័ន្ធ មកពីសាកលវិទ្យាល័យ Chulalongkorn ទីក្រុងបាងកក ប្រទេសថៃ។ រីឯបទពិសោធន៍ការងារ លោកធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ពីឆ្នាំ២០១៥-២០១៧, អនុប្រធាននាយកដ្ឋានវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន ឆ្នាំ២០១៥-២០២០ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចាប់ពីឆ្នាំ២០១៨-២០២១ ហើយលោកចូលបម្រើការងារនៅក្រសួងដែនដី តាំងពីខែកក្កដា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន។

“ខ្ញុំបាទ គី វិសុទ្ធសម្បត្តិ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្តល់សេចក្តីទុកចិត្តដល់រូបខ្ញុំបាទ បានទូលថ្វាយព្រះមហាក្សត្រតែងតាំងខ្ញុំបាទជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ មានឋានៈស្មើ រដ្ឋលេខាធិការ។ ខ្ញុំបាទនឹងប្រើតួនាទីនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត”។ លោក គី វិសុទ្ធសម្បត្តិ បានបង្ហោះសារថ្លែងអំណរគុណ លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕
