នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២, អ្នកឧកញ៉ា សុខ គង់ និងក្រុមការងាររបស់សណ្ឋាគារ ឋានសួគ៌ សុខា បូកគោ ត្រៀមរៀបចំ ព្រឹត្តិការណ៍ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៧ នៅលើភ្នំបូកគោ ដើម្បីប្រមូលទឹកប្រាក់បរិច្ចាគជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។


ទន្ទឹមនឹងមានព្រឹត្តិការណ៍ការ រត់អន្តរជាតិប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់សម្រាប់មន្ទីរពេទ្យកុមារ គន្ធបុប្ផា លើកទី៧ នេះ ក៏នៅមានកម្មវិធីសប្បាយៗជាច្រើនទៀត ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏អស្ចារ្យពីផលិតកម្មហង្សមាស នៅរាត្រីថ្ងៃទី២៥ វិច្ឆិកានេះផងដែរ។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងដែលនឹងរៀបចំនោះ រួមមាន៖ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត ៣គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់៣២គីឡូម៉ែត្រទៀតផង។ ព្រឹត្តិការណ៍រត់ប្រណាំង និងប្រណាំងកង់ទាំងនេះ នឹងក្លាយជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកចូលរួម ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគាត់។



ការចូលរួមបរិច្ចាគថវិកាបន្តិចបន្ទួច ដើម្បីទទួលបានឱកាសចុះឈ្មោះចូលរួមប្រកួត និងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ ជួយដល់កុមារកម្ពុជានៅមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។
ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានសកម្មភាពកម្សាន្តផ្សេងៗ ជាមួយនិងការប្រគំតន្រ្តីផ្ទាល់ រួម ស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារ ក្រោមរាត្រីដ៏សែនមនោរម្យ។ ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់បានថែមទៀតផង។



កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។


សម្រាប់ការចុះឈ្មោះចូលរួម គិតចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២១ វិច្ឆិកា ២០២២ តាមរយៈទូរស័ព្ទ៖ 097 561 61 16 និង 081 61 61 21 (តេឡេក្រាម) ឬអាចចុះឈ្មោះអនឡាន http://bokormarathon.com.kh/register.php
អត្ថបទ៖ ដៃគូសហការ