សម្តេចក្រឡាហោម៖ ជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះរបស់ FATF

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ និងក្រុមការងារអន្តរក្រសួងបន្តវាយតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពិនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីFATF បានសម្រេចលើរបាយការណ៍ជុំទី៩របស់កម្ពុជានាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំងអស់នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់បានកាន់តែល្អ ទោះបីជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការមមារញឹកខ្លាំងលើការបោះឆ្នោត និងការងារដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋមពីធនាគារជាតិនៃកម្ពុជា និងក្រសួងយុត្តិធម៌ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ បានមានប្រសាសាសន៍ថា កម្ពុជាបានរៀបចំរបាយការណ៍ជុំទី១០ និងបានដាក់ជូនFATFបានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះបានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពក្នុងរបាយការណ៍ជុំទី៩ ហើយដែលមហាសន្និបាតFATFកាលពីខែតុលាឆ្នាំ២០២២ថាកម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម បន្តថា «ការសម្រេចរបស់FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះដែលជាគោលដៅចុងក្រោយនៃបេសកកម្មរបស់យើងទាំងអស់គ្នា»។ សម្ដេចបន្តទៀតថា ការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមទៀតថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ៕