រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍រក្សាស្ថិរភាពតម្លៃស្រូវជូនដល់ប្រជាកសិករ ដោយបានកំណត់នូវតម្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាតក្នុង១គីឡូក្រាម ឬប្រហាក់ប្រហែល(១០៤០រៀល) ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីវឌ្ឍនភាព នៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានឱ្យដឹងថា ការកំណត់នេះ ធ្វើឡើងក្រោយពីលោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានជួបប្រជុំពិភាក្សា និងចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកក៏បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការចេញនូវគោលការណ៍នេះ។
ទន្ទឹមគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីតម្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះតាមដាន ការអនុវត្តនេះ ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ផលប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឱ្យដឹងផងដែរថា ក្រុមការងារក្រសួង និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកធានាអនុវត្តគោលការណ៍នេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀតផងដែរ៕