លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ត្រៀមផ្លាស់ប្តូរតួនាទីថ្មី ជំនួសដោយលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ហើយពិធីប្រកាសចូលកាន់ដំណែងជាផ្លូវការ ក៏នឹងត្រៀមធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ។
លិខិតដាច់ដោយឡែកមួយរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ពិនិត្យ និងសម្រេចជាគោលការណ៍ការផ្លាស់ប្ដូរមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍មន្ត្រី ហើយក៏ផ្អែកលើច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
នៅក្នុងលិខិតដដែលនោះ លោក ជាវ តាយ នឹងត្រូវផ្លាស់ប្តូរពីអភិបាលខេត្តពោធិ៍សាត់ មកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកជាអតីតអភិបាលខេត្តកំពត ខណៈទើបតែផ្លាស់ប្តូរមកកាន់ខេត្តពោធិ៍សាត់ជំនួសលោក ម៉ៅ ធនិន ត្រូវទៅកាន់អភិបាលខេត្តកំពតវិញ។
អភិបាលខេត្តពោធិ៍សាត់ថ្មីដែលនឹងត្រូវប្រកាសចូលកាន់មុខតំណែងជាផ្លូវការ លោក ខូយ រីដា អតីតអភិបាលរងខេត្តបាត់ដំបង និងក៏អតីតអភិបាលរងខេត្តពោធិ៍សាត់ដែរ ដោយលោកត្រូវបានប្តូរទៅជាអភិបាលរងខេត្តបាត់ដំបង កាលពីអំឡុង ខែមីនា ឆ្នាំ២០២២៕