អង្ករកម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហោះសារអបអរសាទរលើបណ្តាញសង្គមរបស់លោកនៅរសៀលនេះយ៉ាងដូច្នេះថា៖ “អបអរសាទរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ «ផ្ការំដួល» ដែលទទួលបានជ័យលាភីលេខ១ ក្នុងថ្ងៃនេះ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែង នៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។ នេះគឺជាលេីកទី៥ហេីយ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា”។

បើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករកម្ពុជា ទទួលបានជ័យលាភីលេខ១ លំដាប់ថ្នាក់ពិភពលោកនេះ ជាលើកទី៥ហើយ ក្នុងនោះនៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨ និងឆ្នាំ២០២២នេះ៕

