លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និង ការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់ ។ ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបាន ប្តូរថ្មី ទៅ ជាសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅ កាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញ ពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជា ទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការ អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជា បាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួន៦.៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤.៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលធ្វើដំណើររួមមាន៖ វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផលស្រដៀង៕


