គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ រោងចក្រកាត់ដេរដែលបានចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់។
នៅក្នុងពិធីប្តូរឈ្មោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ទៅជាសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ កាលថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់ តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនា យករដ្ឋមន្ត្រី។
បើតាមលោក ហ៊ុន ម៉ាណែត ដោយសារសមិទ្ធផលពីវិស័យ កាត់ ដេរ ទាំង អស់ នេះ ហើយ ទើបកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈ ពេល ២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នាពេលថ្មីៗនេះ បង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.ពាន់លានដុល្លារអាមេរិក កើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១.៣%។
លោកថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករា ដល់ខែតុលា ទាំង១៦១គម្រោងនេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។
លោកបន្ថែមថា កាលពីឆ្នាំ២០២០ ខណៈពេលដែលរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោក រួមទាំងតំបន់អាស៊ាន មានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរង្វង់៣០-៣៥% ប៉ុន្តែកម្ពុជាថយចុះត្រឹមតែ១%ប៉ុណ្ណោះ និងនៅឆ្នាំ២០២១ ថយចុះប្រមាណ៣.៨% ដោយសារតែជំងឺកូវីដ១៩រីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ដែលនាំឱ្យមានការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល ការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលជាហេតុធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសថយចុះនៅពេលនោះ៕