ប្រសិនបើគ្មានការប្រែប្រួលនោះទេ ក្រសួងទេសចរណ៍ នឹងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ចំនួនពីរទីតាំង គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយប្រើប្រាស់ថវិកាប្រមាណ ២៦.៥លានដុល្លារ ។ ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤.៥លានដុល្លារ និងជាហិរញ្ញប្បទានឥណទានដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន១១លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។
ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Boucher Sandrine ដែលទទួលបានការតែងតាំងជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP)និងផ្តល់កម្ចីហិរញ្ញប្បទាន ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ ផងដែរ។
លោក ថោង ខុន បានបន្តថា នៅពេលដាក់ឱ្យដំណើរការបណ្ដុះបណ្ដាល សាលាជាតិទាំង២ទីតាំងនេះនឹងជួយបន្ថែមដល់ សិស្សដែលមាន ជីវភាពខ្វះខាត ដោយសារសាលានឹងមានកម្មវិធីផ្ដល់អាហារូបករណ៍ កម្មវិធីសិក្សាបណ្ដើរធ្វើការបណ្ដើរដើម្បីបានប្រាក់ចំណូលខ្លះ ព្រមទាំងមានការបន្ធូរបន្ថយតម្លៃសិក្សាផងដែរ។ អ្វីដែលពិសេសលើសពីនេះ គឺសាលាជាតិនេះនឹងមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សឱ្យបានគ្រប់មុខជំនាញដែលបានដាក់ចេញ ទាំងស្ដង់ដាជាតិ និងស្ដង់ដាអាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។
ជាមួយគ្នានេះ លោកស្រីនាយិកា ក៏បានកោតសរសើរដល់ប្រទេសកម្ពុជាដែលមានធនធានវប្បធម័ បេតិកភ័ណ្ឌពិភពលោកទាំងរូបី អរូបីទាក់ទាញ ធនធានធម្មជាតិសម្បូរបែប ជាពិសេសមានប្រជាជនកម្ពុជាដែលមានភាពរស់រាយរាក់ទាក់ មានបដិសណ្ឋាកិច្ចល្អប្រពៃដែលទាំងនេះ គឺជាសក្តានុពលដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍន៍ និងជឿជាក់ថាវិស័យទេសចរណ៍កម្ពុជានឹងងើបឡើងយ៉ាងឆាប់រហ័ស។
លោកស្រី ក៏បានសំដែងការកោតសរសើរ និងគាំទ្រដល់ក្រសួងទេសចរណ៍ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានាសម្រាប់ការស្តារ និងឡើងស្តួយអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវិដ-១៩ ជាពិសេស AFD បន្តគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដូចករណីការបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ហើយ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀត។