ប្រធានអាស៊ាន ចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បង្ហាញឆន្ទៈស្វែងរកដំណោះស្រាយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ចំនួន១២នាក់ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍ប្រេសិតពិសេសប្រធានអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះ ស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាជាម្ចាស់ផ្ទះពេលកន្លងទៅថ្មីៗនេះ ប្រធានអាស៊ានមិនបានហៅអ្នកដំណាងពីប្រទេសមីយ៉ាន់ម៉ាឡើយ ប៉ុន្តែកៅអីសម្រាប់មីយ៉ាន់ម៉ាក៏ត្រូវបានរៀបចំឡើងផងដែរ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បង្ហាញក្តីកង្វល់ពីបញ្ហានៅមីយ៉ាន់ម៉ា ហើយក៏បានអំពាវនាវឱ្យប្រទេសសមាជិកអាស៊ាន នៅដៃគូ ធ្វើការដើម្បីស្វែងរកដំណោះស្រាយជូនមីយ៉ាន់ម៉ាបន្ថែមទៀត។

គួររម្លឹកបន្តិថា ប្រេសិតពិសេសប្រធានអាស៊ានលោក ប្រាក់ សុខុន បានបញ្ចប់ទស្សនកិច្ច ២ដងរួចមកហើយនៅប្រទេសភូមា។ ក្នុងជំនួបនោះ​លោក ប្រាក់ សុខុន ក៏បានស្នើឲ្យមានការដោះលែងអ្នកទោស និងរៀបចំឲ្យមានជំនួបជាមួយបុគ្គលដែលមិនមែនជាក្រុមប្រឹក្សារដ្ឋបាលរដ្ឋមួយចំនួន រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន ភរិយាលោក ទីនចរ អតីតប្រធានាធិបតីភូមា។ ក៏ប៉ុន្តែតំណាងរបបសឹកភូមាបានបញ្ជាក់ថា លោកស្រី ស៊ូស៊ូល្វីន មិនអាចជួបប្រេសិតពិសេសបានទេដោយសារបញ្ហាសុខភាព ហើយលោកស្រី អ៊ុងសាន ស៊ូជី ក៏មិនអនុញ្ញាតឲ្យជួបដែរដោយសារតែកំពុងស្ថិតក្រោមនីតិវិធីតុលាការ។

ក្រៅពីនេះ ប្រេសិតពិសេសលោក ប្រាក់ សុខុន ក៏បានជួបជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត រួមមានក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច និងគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា រួមនឹងអង្គទូតនានាប្រចាំនៅភូមាផងដែរ៕