ជាដំណឹងដ៏រីករាយមួយ ដល់ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា ដែលអាច បំបែកឯកទគ្គកម្មពិភពលោក និងបានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ខាងសម្តែងសៀកដ៏វែង រហូតរយៈពេលជាង ២៤ម៉ោង។
អង្គការ Guinness World Records បានប្រកាសកំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» ឱ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះ ក្នុងការផ្សាយផ្ទាល់ កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២ ។

ការសម្ដែងដែលមានរយៈពេលសរុប ២៤ម៉ោង ១០នាទី ៣០វិនាទី នោះ បានធ្វើឡើងតាំងពីថ្ងៃទី០៦-០៧ មីនា ឆ្នាំ២០២១ មកម្លេះ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

បើតាមវីដេអូ ដែលអង្គការហ្វារពន្លឺសិល្បៈ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ម៉ោង ១០នាទី ៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត។
គួរបញ្ចាក់ថា អង្គការហ្វារពន្លឺសិល្បៈ គឺជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដែលបានដំណើរការកម្មវិធីបណ្តុះបណ្តាល សិល្បៈដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាក្រីក្រ តាំងពីឆ្នាំ១៩៩៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀក ត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕
