លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម តាមរយៈទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ លើកទឹកចិត្តប្រជាពលរដ្ឋឱ្យនាំគ្នាសម្លឹងមើលវិស័យកសិកម្មទាំងមូល មិនមែនត្រឹមតែផ្នែកណាមួយនោះទេ។ លោកថា៖ «ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យេីងមិនអាចនៅស្ងៀមហើយរំពឹងឱ្យអ្នកផ្សេងកែតម្រូវតាមយើងដែលមិនព្រមកែប្រែអ្វីសោះនោះឡើយ»។
ការចេញមកបកស្រាយពីរដ្ឋមន្រ្តីក្រសួងកសិកម្មធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះនៅតាមបណ្តាមួយចំនួន តម្លៃស្រូវមានការធ្លាក់ចុះ ខណៈក្រសួងកសិម្ម និងភាគីពាក់ព័ន្ធ ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ធ្វើការសម្របសម្រួលទិញក្នុងតម្លៃសមរម្យ។
លោក ឌិត ទីណា បានឲ្យដឹងថា នាពេលខាងមុខ ក្រសួងកសិកម្មនឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវនេះដើរទៅមុខ តាមរយៈវិធានការផលិតពូជសុទ្ធល្អដែលរដ្ឋាភិបាលបានប្រគល់ឱ្យក្រសួងអនុវត្ត ហើយក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន ព្រមទាំងការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។
ទន្ទឹមនឹងនោះ ក្រសួងក៏នឹងមានវិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម និងកម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញមិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា នេះគឺជាការងារលំបាក និងត្រូវប្រេីពេលយូរ ប៉ុន្តែយើងត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួល បានផលមុនគេដែរ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ទាំងប្រជាកសិករ ទាំងខាងរោងម៉ាស៊ីនកិនស្រូវ និងទាំងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍រក្សាស្ថិរភាពតម្លៃស្រូវជូនដល់ប្រជាកសិករ ដោយបានកំណត់នូវតម្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាតក្នុង១គីឡូក្រាម ឬប្រហាក់ប្រហែល(១០៤០រៀល) ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។
ក្រសួងកសិកម្ម បានបញ្ជាក់ពីវឌ្ឍនភាព នៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលថ្ងៃទី១៧ ខែវិច្ឆិកានេះ ដោយការកំណត់នេះ ធ្វើឡើងក្រោយពីឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានជួបប្រជុំពិភាក្សា និងចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកក៏បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការចេញនូវគោលការណ៍នេះ៕