នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពជាមួយសំណើរវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ។ ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ។

ក្នុងជំនួបនាថ្ងៃទី២០វិច្ឆិកា
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វឿង ឌីញហ្វេ បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ និងឱ្យបានគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយសំណើរបស់ប្រធានសភាវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕