ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហ៊ានទៅមុខជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត កំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថាដូច្នេះថា៖ «ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, សង្គ្រាម, ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ ខ្ញុំសូមគូស បញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»។
ជាងនេះទៀត សម្តេចអះអាងថា នៅក្នុងបរិបទនេះ ប្រធានបទនៃមហាសន្និបាទអន្តរសភាអាស៊ាន លើកទី៤៣ នេះ មានភាពពាក់ព័ន្ធ និងសមស្រប ដែលនឹងរួមចំណែកបំផុសនូវស្មារតីទទួលខុសត្រូវរួមក្នុងការឆ្លើយតបទាន់ពេល ស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកវិបុលភាពរួម៕