ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគាររដ្ឋ បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ។ ការស្នើសុំនេះ បន្ទាប់ពីតម្លៃស្រូវនៅតាមបណ្តាខេត្តមួយចំនួនមានការធ្លាក់ថ្លៃ ខណៈខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្រសួងកសិកម្មបានសម្របសម្រួលជាមួយភាគីអ្នកទិញត្រូវធានា មិនឱ្យក្រោម៩០០០បាត/តោន = ១.០៤៤០០០៛/តោន។
ដើម្បីជំរុញការដោះស្រាយបញ្ហាតម្លៃស្រូវចុះថ្លៃនេះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីសប្តាហ៍កន្លងទៅ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សាលើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពល រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម និងស្ថានភាពនៃការនាំចេញអង្ករកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវ នៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអ៊ឺរ៉ុប ជាដើម ។
នៅក្នុងជំនួបនោះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យនាំគ្នាសម្លឹងមើលវិស័យកសិកម្មទាំងមូល មិនមែនត្រឹមតែផ្នែកណាមួយនោះទេ។ លោកថា៖ «ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យេីងមិនអាចនៅស្ងៀមហើយរំពឹងឱ្យអ្នកផ្សេងកែតម្រូវតាមយើងដែលមិនព្រមកែប្រែអ្វីសោះនោះឡើយ»។
លោក ឌិត ទីណា បានឱ្យដឹងថា នាពេលខាងមុខ ក្រសួងកសិកម្មនឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវនេះដើរទៅមុខ តាមរយៈវិធានការផលិតពូជសុទ្ធល្អដែលរដ្ឋាភិបាលបានប្រគល់ឱ្យក្រសួងអនុវត្ត ហើយក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន ព្រមទាំងការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។
ទន្ទឹមនឹងនោះ ក្រសួងក៏នឹងមានវិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម និងកម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញមិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា នេះគឺជាការងារលំបាក និងត្រូវប្រេីពេលយូរ ប៉ុន្តែយើងត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួល បានផលមុនគេដែរ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ទាំងប្រជាកសិករ ទាំងខាងរោងម៉ាស៊ីន កិនស្រូវ និងទាំងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា៕