ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ ARDB ដែលជាធនាគាររបស់រដ្ឋ សម្រេចបញ្ចេញទុនបន្ថែម ចំនួន ១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃទី២១ ខែវិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍ និងកសិកម្ម បានបញ្ជាក់ថា ការបញ្ចេញទុននេះ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ របស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ដោយមើលឃើញថា ក្នុងរយៈពេលប៉ុន្នានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។

ការណ៍នេះ ធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ៕