ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទួលថា មហាសន្និបាតអាយប៉ាលើកទី៤៣ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ដែលយើងកំពុង ជួបប្រទះនាពេលបច្ចុប្បន្ននេះ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយប្រកបដោយសន្តិភាពសម្រាប់សហគមន៍អាស៊ាន។
យោងតាមព្រះរាជសារ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA–43) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នៅសណ្ឋាគារសុខាភ្នំពេញ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះរាជបន្ទូលថា៖ «ដើម្បីសម្រេចបាននូវអនាគតមួយនេះ យើងត្រូវតែធានាថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ គឺត្រូវមានភាពស៊ីសង្វាក់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទស្សនាទាន នៃ ចីរភាព បរិយាបន្ន និងភាពធន់” ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុង មូលបទ នៃអង្គមហាសន្និបាត»។

តាមព្រះរាជសារដដែលបានបន្តថា យើងជួបជុំគ្នានៅក្នុងមហាសន្និបាតនាថ្ងៃនេះ ដោយសារយើងជឿជាក់ថា ទំនាក់ទំនងការទូត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរសភា ពិតជាមានសារៈសំខាន់ណាស់ ហើយយើងត្រូវបន្ត លើកកម្ពស់បន្ថែមទៀត ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ជាកម្លាំង រុញច្រានដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព សម្រាប់សហគមន៍អាស៊ាន។
ព្រះរាជសារបានបន្តទៀតថា ដោយផ្អែកលើធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ មជ្ឈភាពរបស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់ អន្តរជាតិដោយឈរ លើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជនរបស់ យើងទាំង នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ហេតុនេះ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបានឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង៕